
ភ្នំពេញ៖ ក្រៅពីការធ្វើជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា កន្លងមកមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជាលើវិស័យអប់រំ ដោយការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។ ជាងនេះទៀត តួកគីក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។ គោលបំណងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជានារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់ថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។
ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា។ ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។ លើសពីនេះទៀត លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហាញនូវក្តីរំពឹងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋ ជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ៕

