
សៀមរាប៖ព្រលានយន្តហោះអន្តរជាតិសៀមរាបនឹងត្រូវបិទទ្វារឈប់ទទួលជើងហោះហើរជាផ្លូវការចាប់ពីម៉ោង ១២យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មីនៅថ្ងៃទី១៦ ខែតុលានេះផងដែរ។
បើគ្មានអ្វីប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ដែលសល់ពីអាណាព្យាបាលបារាំង ហើយជួសជុលឡើងវិញនៅសម័យសង្គរាស្ត្រនិយមនឹងត្រូវបិទទ្វារឈប់ទទួលជើងហោះហើរជាតិនិងអន្តរជាតិចាប់ពីថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង១២:០០យប់តទៅ។នេះបើយោងតាមការឱ្យដឹងពីលោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការសម្រេចបិទទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ពេលនេះ រៀបចំឡើងស្របគ្នាជាមួយការប្រកាសបើកឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដែលជា អាកាសយានដ្ឋានធំស្តង់ដារអន្តរជាតិដែលអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។
នៅថ្ងៃទី៥ ខែតុលា អាកាសចរណ៍ស៊ីវិល បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរក្នុងស្រុកចំនួន២គឺ÷ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប និង តេស្តសាកល្បងហោះហើរ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។
គួរបញ្ជាក់ថា យោងតាមឯកសារស្រាវជ្រាវព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់បើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណងក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥។នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាបបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦៕