Cctime 6monthsfree desktop
Cc times  web banner kh (2)

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបាន«ជើងហោះហើរ»តេស្តចំនួន៣ក្រុមហ៊ុនជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយក្នុងនោះការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ និងជើងហោះហើរអន្តរជាតិចំនួន១។

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២គឺ÷ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប។

ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ទទួលបានជើងហោះហើរអន្តរជាតិចំនួន១ នៅថ្ងៃតេស្តសាកល្បងហោះហើរ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក។ អាកាសយាន្តដ្ឋាននេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ជាមួយគ្នានេះ អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង