
ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK's Generalized_Scheme_of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
បើតាមសេចក្ដីជូនដំណឹង ក្រសួងពាណិជ្ជកម្មបានពន្យល់ដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ជ្រាបថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួចរួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតតាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។
ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស។ ចំពោះព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ https://www.gov.uk/government/publications/developing-countries-trading-scheme-dcts new-policy-report/developing-countries-trading-scheme-government-policy-response ឬទំនាក់ទំនងមន្រ្តីនៃនាយកដ្ឋាននាំចេញនាំចូល ដូចខាងក្រោម៖
១-លោក ជី សុថារិទ្ធ អនុប្រធាននាយកដ្ឋាននាំចេញនាំចូល
ទូរស័ព្ទលេខ៖ ០១៦ ៤៣២ ៤៤៤ អីមែល ៖ [email protected]
២-លោកស្រី ម៉ក់ ច័ន្ទសុវណ្ណវល័ក្ខ ប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញនាំចូល
ទូរស័ព្ទលេខ៖ ០១២ ៦៩២ ០៨៨ អ៊ីមែល ៖ [email protected]