Cctimesw1140xh150cm copy

រោងចក្រ សហគ្រាសនៅកម្ពុជាបន្តកើនឡើងខណៈកម្មករក៏ទទួលបានអត្ថប្រយោជន៍មួយចំនួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ រោងចក្រ សហគ្រាស ត្រូវបានពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់ ដោយកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧ ៦៨៤ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ។ រីឯលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរជាបន្តបន្ទាប់ ក្នុងនោះមានការដំឡើងថ្លៃឈ្នួលកម្មករនិយោជិត ប្រាក់សោហ៊ុយ និងទទួលបានប្រាក់រង្វាន់ជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមរបាយការណ៍ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់បងប្អូន។ រោងចក្រ សហគ្រាស ត្រូវបានពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់ ដោយកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧ ៦៨៤ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌ, កាត់ដេរ, ស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៣៣៧ និងមានកម្មករនិយោជិតសរុបចំនួនជាង៨៣ម៉ឺននាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ពាន់ លានដុល្លារ។

ជាក់ស្តែង នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាស សរុបចំនួន ៩ ៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ ៦៦ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះវិស័យវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង និងកាបូបមានចំនួន ៧៣៥ និងមានកម្មករនិយោជិតប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណជា ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរជាបន្តបន្ទាប់ ជាក់ស្ដែង ប្រាក់ឈ្នួលអប្បបរមាក៏បានកើនពី៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់២០៤ដុល្លារ នៅឆ្នាំ២០២៤។ បន្ថែមពីនេះ កម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ផ្សេងៗចំនួន១៧ដុល្លារទៅ២៨ដុល្លារដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ ដល់ ១១ដុល្លារ (ចាប់ពីឆ្នាំទី២ទៅ)។

គិតក្នុងឆ្នាំ២០២៣នេះ កម្មករនិយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារ យ៉ាងតិចក្នុងមួយខែដោយរួមទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង បងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីក្រសួងការងារក៏បានជំរុញឱ្យមានកម្មវិធីតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន ដែលចំពោះមុខនេះ ក្រសួងបានកំពុងរៀបចំលក្ខខណ្ឌសម្រាប់ចូលធ្វើតេស្តយន្តការធានាគុណភាព និងតម្លាភាពនៃការធ្វើតេស្ត និងការជ្រើសរើសមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង