Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងការងារ៖កម្មកររោងចក្រអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញនៅ២ឆ្នាំខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញឱ្យមានកម្មវិធីតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន ដែលចំពោះមុខនេះ ក្រសួងបានកំពុងរៀបចំលក្ខខណ្ឌសម្រាប់ចូលធ្វើតេស្តយន្តការធានាគុណភាព និងតម្លាភាពនៃការធ្វើតេស្ត និងការជ្រើសរើសមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្ត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីតេស្តទទួលស្គាល់ជំនាញកម្មករនិយោជិតនេះ ជាកម្មវិធីមួយស្ថិតនៅក្នុងការងារអាទិភាពទាំង៤របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តនៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ រីឯការងារអាទិភាពចំនួន៣ទៀតមានដូចជា៖ ការសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជកនិងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋានតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងមត្តេយ្យសហគមន៍ នៅនិងភាគីពាក់ព័ន្ធនានា ដែលចំណុចនេះក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និងម្ចាស់សួនឧស្សាហកម្ម ដើម្បីគិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងនោះ។

មួយវិញទៀត គឺការសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដែលចំណុចនេះក្រសួងនឹងធ្វើការជាមួយក្រសួងដែនដី និងនគរូបនីយកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីកំណត់ស្តង់ដាររោងចក្រថ្មី។

ការងារអាទិភាពចុងក្រោយ គឺការសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្ដើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ដែលក្រសួងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ដើម្បីសិក្សា និងលើកជាជម្រើសដែលប្រសើរបំផុតសម្រាប់បងប្អូនកម្មករនិយោជិត និយោជក ម្ចាស់រថយន្តបច្ចុប្បន្ន និងអ្នកបើកបរបច្ចុប្បន្នផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង