
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣ ខែតុលានេះ បានប្រកាសនឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ដុល្លារ។ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសជិត២ម៉ឺននាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងវេទិកាជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសជិត២ម៉ឺននាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ ដុល្លារនោះទេ។ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ទោចក្រយានយន្ត ក៏បន្តមិនយកពន្ធដែរ។
ក្រៅពីការលើកលែងពន្ធមួយចំនួនសម្តេច ហ៊ុន ម៉ាណែត ក៏បានព្រមានចំពោះមន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវប្រយ័ត្ននឹងទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។ជាមួយគ្នានោះ សម្តេចបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។