ភ្នំពេញ៖ ការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរបានសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ។ការតម្លើងប្រាក់ខែកម្មករនៅឆ្នាំនេះ ធ្វើឡើងខណៈប្រទេសក្នុងតំបន់មួយចំនួនមិនបានសម្រេចតម្លើងប្រាក់ខែជូនកម្មករនោះទេដោយសារស្ថានភាពសេដ្ឋកិច្ចសកល។នេះបើយោងតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ជិត២ម៉ឺននាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និង ភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
បើតាមសម្តេច ហ៊ុន ម៉ាណែត ទោះក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អក្តីរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតម្លើងប្រាក់ខែជូនដល់កម្មករនិយោជិកក្នុងវិស័យកាត់ដេរ ខណេៈដែលប្រទេសប្រកួតប្រជែងជាមួយកម្ពូជាមួយចំនួនមិនបានតម្លើងប្រាក់ខែជូនដល់កម្មករ។សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ទោះពីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។
តែយ៉ាងណាក៏ដោយ ដើម្បីការងារនេះបានដំណើរការល្អ សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះជួលជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល៕