Cctimesw1140xh150cm copy

អង្គការCHAIនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជាបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) នឹងរៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាជំនួបរវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

នាឱកាសនេះ ឯកឧត្តម ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើម ការអភិវឌ្ឍន៍ធនធានមនុស្ស សបញ្ជាក់ពីការចូលរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោកស្រីនាយិកាក៏បានឱ្យដឹងថា លោកស្រីក៏មានសេចក្តីរីករាយណាស់ ដែលឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រសកម្មភាពការងាររបស់អង្គការ CHAI ប្រកប ដោយលទ្ធផលគួរជាទីគាប់ចិត្តនាពេលកន្លងមក គឺអាស្រ័យដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធពីមជ្ឈមណ្ឌលជាតិកម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។ លោកស្រីក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែមសម្រាប់ការងាររបស់អង្គការ CHAI ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាលរួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ICU ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

លោកស្រីបន្តថា អង្គការCHAI នឹងយកអនុសាសន៍គន្លឹះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ជាចុងបញ្ជប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការ CHAI ជាពិសេស លោកស្រីនាយិកាប្រចាំប្រទេស ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង