ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្តីពីផែនការកិច្ចសហប្រតិបត្តិការនៃវិស័យទេសចរណ៍ឆ្នាំ២០២៣-២០២៤ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទី៣ស្របតាមពាក្យស្លោក«ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ការជំរុញនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងថា ការជ្រើសរើសយកកម្ពុជា ជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរក្រោមស្មារតី «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។
ដើម្បីសម្រួលដល់វិស័យទេសចរណ៍និងពាណិជ្ជកម្ម ភាគីទាំងពីរបានភ្ជាប់សារៈសំខាន់ចំពោះវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងក្នុងការគាំទ្រស្ដារសង្គម-សេដ្ឋកិច្ច ការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការរួមគ្នានៃប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនតាមរយៈក្យូអរកូដ(KH-QR) ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្រ្តីថៃ បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទី២៕