ភ្នំពេញ៖ប៉ូលីសកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា បានកំណត់អត្តសញ្ញាណបុរសជនជាតិចិនម្នាក់ឈ្មោះ GU YI ជាមេខ្លោងបង្កើតទីតាំងបោកប្រាស់តាមអនឡាញមួយកន្លែងនៅខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ។ក្នុងករណីនេះផងដែរ ប៉ូលិសកម្ពុជាបានចាប់ខ្លួនជនជាតិចិន ៣នាក់ និងម៉ាឡេស៊ី ១នាក់ ដែលជាអ្នកចាត់ចែងធ្វើការអោយមេខ្លោងបុរសជនជាតិចិនឈ្មោះ GU YI ដែលជាមេខ្លោង។
យោងតាមព័ត៌មានស៊ើបការណ៍ ប៉ូលិសកម្ពុជាបានជួយសង្គ្រោះជនជាតិហ្វីលីពីន២៧នាក់ ដែលត្រូវបានបោក និងបង្ខំអោយទៅធ្វើការងារឆបោកគេតាមអនឡាញ និង បានចាប់ខ្លួនជនជាតិចិន៣នាក់ និងម៉ាឡេស៊ី ១នាក់ ជាអ្នកចាត់ចែងធ្វើការអោយមេខ្លោងបុរសជនជាតិចិនឈ្មោះ GU YI ជាមេខ្លោង។
កម្លាំងជំនាញ បានរកឃើញជនសង្ស័យជនជាតិចិន ០៣នាក់ និងជនជាតិម៉ាឡេស៊ី ០១នាក់ ជាអ្នកចាត់ចែងដឹកនាំឲ្យថៅកែជនជាតិចិនឈ្មោះ GU YI នៅខេត្តកោះកុង (ក្នុងបរិវេណក្រុមហ៊ុន KK ព្រំដែនចាំយាម) ដើម្បីឲ្យធ្វើការផ្សព្វផ្សាយអូសទាញវិនិយោគកាក់គ្រីបតូ។ជនសង្ស័យបានដកហូតលិខិតឆ្លងដែន និង ទូរស័ព្ទរបស់ជនរងគ្រោះទាំងអស់។
បន្ទាប់មកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសម្របសម្រួលជាមួយមន្ត្រីសង្គមប្រគល់ទទួលជនរងគ្រោះ២៧នាក់ ដើម្បីផ្តល់សេវាសង្គម សេវាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗទៀតតាមការចាំបាច់។ចំពោះជនសង្ស័យខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កំពុងចាត់ការបន្តនីតិវិធី៕
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនបរទេសបានប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពបោកប្រាស់គេតាមប្រព័ន្ធអ៊ីនធឺណិត និង សកម្មភាពល្បែងស៊ីសងអនឡាញ។ សកម្មភាពបោកប្រាស់គេតាមប្រព័ន្ធអ៊ីនធឺណិត និង សកម្មភាពល្បែងស៊ីសងអនឡាញទាំងនេះ ក៏បាននាំអោយកើតឡើងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនដូចជា ការចាប់ជំរិតទារប្រាក់ និងបទល្មើសជាច្រើនទៀតដែលពាក់ពន្ធ័នឹងជនបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រទេសកម្ពុជា នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាផងដែរ៕