
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង១១លានដុល្លារ ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងផលិតដើមគ្រីស្មាស់ រួមទាំងសម្ភារៈលំអដើមគ្រីស្មាស់នៅកម្ពុជា ហើយអាចបង្កើតឱកាសការងារបានរាប់រយកន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។
២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង៕