Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ធនាគារពិភពលោកសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ លោកស្រីប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការអាទិភាពរបស់ក្រសួងសុខាភិបាលជាបន្តទៀត ខណៈកន្លងមកធនាគារពិភពលោកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល។ នេះជាការសន្យានៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក (The World Bank) នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២ (Health Equity and Quality Improvement Project) គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 Emergency Response Project (COVID-19 ERP)) គម្រោងអាហារូបត្ថម្ភកម្ពុជា (Cambodia Nutrition Project (CNP)) គម្រោងពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវា (Strengthening Pre-Service Education System for Health Professionals Project (SPESHP)) នាពេលកន្លងមក។

ឯកឧត្តម បានជម្រាបជូនភាគីធនាគារពិភពលោក អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិ តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លង។

លោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួង តាមរយៈគម្រោងមួយចំនួនដែលបានអនុវត្តកន្លងមករួមមាន គម្រោងគ្រប់គ្រងជំងឺ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី១ ទី២ និងគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាលទាំង២ដំណាក់កាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង