Cc time web banner 054637

ជប៉ុនសន្យាពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ជប៉ុន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ ការសន្យានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងេកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

នាឱកាសនេះ ឯកឧត្តម ឈាង រ៉ា បានមានប្រសាសន៍ថា កម្ពុជានិងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើនដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងផ្តល់ជូននូវសម្ភារបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពក៏ដោយ ក៏រដ្ឋាភិបាលជប៉ុននៅតែយកចិត្តទុកដាក់ខ្ពស់ ជាក់ស្តែងដូចជានាឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងកម្ចីឥណទានការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុនជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង