
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ក្រុមហ៊ុន AIAI នឹងធ្វើតេស្តការហោះបង្ហាញចុង ( Airport Fight Demonstration) ក្រោយ នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋានសៀមរាមអង្គរទាំងមូល មុននឹងបើកទទួលជើងហោះហើរលើកទី១នៅថ្ងៃទី១៦ ខែតុលា និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា នេះគឺជាការធ្វើតេស្តហោះបង្ហាញចុងក្រោយបំផុត ដើម្បីបញ្ជាក់ពីដំណើររលូននៃប្រតិបត្តិការ និងការគ្រប់គ្រងទាំងមូលនៅក្នុងអាកាសយាន្តដ្ឋានសៀមរាមអង្គរ ដោយថ្ងៃនោះនឹងមានអ្នកដំណើរមក chech in ដើម្បីឡើងយន្តហោះ និងធ្វើដំណើរត្រឡប់មកវិញ ដោយឆ្លងនិតិវិធីផ្សេងៗ ព្រមទាំងតេស្តឧបករណ៍ ដើម្បីបង្ហាញថា មានដំណើរការល្អដូចការំពឹងទុកដែរឬទេ។
លោកបានបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការលើកដំបូង ក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា ឯ.ក(AIAI) និងស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាមួយថ្នាក់ដឹកនាំនៃភាគីចិន។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក។ អាកាសយាន្តដ្ឋាននេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ជាមួយគ្នានេះ អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕