ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាជាមួយនឹងវិស័យឯកជន នាខែវិច្ឆិកាខាងមុខនេះ ដើម្បីក្តាប់នូវសំណូមពរផ្សេងៗពីវិស័យឯកជន យកមកពិចារណា ហើយរៀបចំជាកញ្ចប់ វិធានការជួយទៅដល់វិស័យឯកជន ក៏ដូចជាការលើកទឹកចិត្តផ្សេងៗ។ សម្តេចនាយករដ្ឋមន្រ្តីប្រកាសបែបនេះ ក្នុងសារសម្លេងស្រាយបំភ្លឺពីបញ្ហាពន្ធដារ ដែលពលរដ្ឋមានការភាន់ច្រឡំ បន្ទាប់ពីការប្រកាសពីគម្រោងប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤។
សារសម្លេងសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧កញ្ញាម្សិលមិញនេះ បានផ្ញើជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះកិច្ចការងារពន្ធដារនេះ សម្តេចបានឲ្យអគ្គនាយកពន្ធដារគឺលោក គង់ វិបុល បានស្រាយបំភ្លឺ ក៏ដូចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តផ្សេងៗ ដែលរាជរដ្ឋាភិបាលកន្លងទៅបានដាក់ចេញជូនប្រជាពលរដ្ឋ និងវិស័យឯកជន ហើយទៅមុខទៀតរាជរដ្ឋាភិបាកនឹងគិតគូរជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណា ជួយដល់វិស័យឯកជន។
សម្តេច ហ៊ុន ម៉ាណែត បានសង្គត់ធ្ងន់ថា តាំងពីរាជរដ្ឋាភិបាលបង្កើតថ្មីនេះ គឺមិនមានការបង្កើតពន្ធបន្ថែម សម្រាប់ដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ ហើយចំពោះការគិតគូរដែលរាជរដ្ឋាភិបាលនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់ វិធានការអន្តរាគមន៍នៅខែវិច្ឆិកាសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជនគឺពិចារណាទៅលើក្របខណ្ឌនៃពន្ធ៕