Cctimesw1140xh150cm copy

អនុសាសន៍សម្តេចធិបតី៥ចំណុចលើទេសចរណ៍កម្ពុជាដើម្បីក្លាយជាគោលដៅទេសចរណ៍ឈានមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ អនុសាសន៍ទាំងនេះ ត្រូវបានថ្លែងនៅក្នុងសារលិខិតនាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

អនុសាសន៍ទាំង៥ចំណុចបោះមានដូចជា៖ ១. ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ភាពជោគជ័យនៃការទាក់ទាញនិងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ។

២- ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះសូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតងអាស៊ាន និងឈានទៅបង្កើតស្តង់ដារបៃតងសម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

៣- ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៤- បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទសចរណ៍ដទៃទៀត។ ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ក្រសួងទេសចរណ៍ដែលកន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវ "វិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣”។

៥- ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង