Cc time web banner 054637

កម្ពុជានិងតំណាងធនាគារADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន១៤០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច)

ភ្នំពេញ៖ កម្ពុជា និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាម៉េរិក។ ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ADBបានកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ។

កម្មវិធីទាំង២នោះមានដូចជា៖ ១-កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ - អនុកម្មវិធីទី២: មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាមេរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។

២- កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត - អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោងដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ។ កម្មវិធីនេះនឹងពង្រឹងការបណ្ដុះបណ្ដាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ទព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាមេរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លានដុល្លាអាមេរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ជារួម, គោលបំណងនៃកម្មវិធីទាំង ២ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដែលសម្តេច ហ៊ុន ម៉ាណែត ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង