ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺទាក់ទងនឹងការលើកឡើងថា មានការអនុវត្តប្រមូលពន្ធ១ភាគរយលើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋដែលខ្ចីលុយពីធនាគារ។ពន្ធដារចាត់ទុការលើកឡើងនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះពន្ធដារមិនបានតម្រូវឱ្យយកនោះឡើយ
យោងតាមសេចក្តីបំភ្លឺចេញផ្សាយនៅថ្ងៃទី ២៦ កញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា “យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំបានកំណត់ណាមួយតម្រូវឱ្យយកពន្ធ១%លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ"។
យោងតាមប្រភពពីមន្ត្រីឥណទានតាមពីធនាគារមួយចំនួនបានលើកឡើងថា គ្រប់ធនាគារទាំងអស់តែងតែអនុវត្តតាមច្បាប់សារពើពន្ធ ដោយមិនបានឱ្យប្រជាពលរដ្ឋបង់ពន្ធ១ភាគរយចូលរដ្ឋនោះទេ។ការបង់មួយចំនួន គឺជាការបង់ថ្លៃសេវារបស់ធនាគារ ដើម្បីឆេកប្រតិបត្តិការរបស់ខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់អគ្គនាយកពន្ធដារនេះ ធ្វើឡើងក្រោយមានការលើកឡើងមួយចំនួនតាមបណ្តាញសង្គមថា រដ្ឋយកពន្ធ១%ពីប្រាក់កម្ចីរបស់ប្រជាពលរដ្ឋពេលដែលពួកគាត់ទៅខ្ចីលុយពីធនាគារ។អគ្គនាយកដ្ឋានពន្ធដារ បានបដិសេធនិងច្រានចោលព័ត៌មាននេះថា ជាព័ត៌មានមួលបង្កាច់ និង ចោទប្រកាន់គ្មានមូលដ្ឋានការពិត។