Cctimesw1140xh150cm copy

តួកគីសន្យាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី លើវិស័យសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ ការសន្យានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការរៀបចំកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៃប្រទេសទាំងពីរ និងជម្រាបជូនថា ក្រសួងសុខាភិបាលតួកគី ស្នើសុំរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សុខភាពសាធារណៈ ការគ្រប់គ្រងមន្ទីរពេទ្យ និងការស្រាវជ្រាវជាដើម។

ឯកឧត្តម ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសំណើសុំកិច្ចសហប្រតិបត្តិការ ព្រមទាំងស្នើឱ្យមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះឱ្យបានឆាប់រហ័ស។

ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋតួកគី ជាពិសេស លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង