Cc time web banner 054637

បេសកកម្មក្រៅប្រទេសទាំង៣របស់សម្តេច ហ៊ុន ម៉ាណែត សម្រេចបានកិច្ចការ៣ក្នុងពេលតែមួយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមមួយខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ៣លើក ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ហើយបាននាំមកនូវជោគជ័យធំធេងទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជន។ តាមរយៈបេសកកម្មទាំងនេះ កិត្យានុភាពជាតិ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណបានផ្តល់ប្រយោជន៍យ៉ាងធំធេង និងឆាប់រហ័សដល់ប្រជាពលរដ្ឋ។

កាសម្រេចបានភាពជោគជ័យលើការងារការទូត គឺដើម្បីបង្ហាញថាកម្ពុជាជាប្រទេសអធិបតេយ្យឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ រីឯការងារនយោបាយ គឺដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ការងារសេដ្ឋកិច្ច គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញភ្ញៀវទេសចរណ៍។

សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញ បានដាក់ចេញ និងចាប់ផ្តើមអនុវត្តប្រកបដោយភាពស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្ដេចក៏បានសង្កត់ធ្ងន់ផងដែរអំពីការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការបោះឆ្នោតឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ព្រមទាំងអាទិភាព ៦ចំណុច និងយន្តការគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តពីដើមនីតិកាលទី៧ ឆ្នាំ២០២៣ នេះតទៅ។

តាមរយៈបេសកកម្មទាំងនេះ កិត្យានុភាពជាតិ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណបានផ្តល់ប្រយោជន៍យ៉ាងធំធេង និងឆាប់រហ័សដល់ប្រជាពលរដ្ឋ។ កាន់តែពិសេសទៀតនោះ យុទ្ធសាស្ត្របញ្ចកោណនេះទៀតសោត ក៏ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដោយសារតែយុទ្ធសាស្តនេះបានលើកស្ទួយសង្គម-សេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង