ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគរបស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍ឥណ្ឌា ជាពិសេសភាគីទាំងពីរាបានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងារវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីកាលានុវត្តភាពនិងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍នប្រទេសទាំងពីរ ក្នុងគោលដៅជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន០៣ រួមមាន ១) «ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។
ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគរបស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសភាគីទាំងពីរបានពិភាក្សាគ្នលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា៕