ភ្នំពេញ៖ វត្តមានរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង គណៈប្រតិភូរាជរដ្ឋាភិបាលលើទឹកដីអាម៉េរិក បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ កញ្ញា។វត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត លើទឹកដីអាម៉េរិកទទួលបានស្វាគមន៍ពីប្រជាពលរដ្ឋនៅទីនោះ ក្នុងនោះគេឃើញមានកូនខ្មែរដើមកំណើតអាម៉េរិកម្នាក់សុំថៅកែផ្សាយរូបសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉កថែមទៀតផង។
វត្តមានរបស់សម្តេចហ៊ុន ម៉ាណែត នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក គេមានការចាប់អារម្មណ៍ទៅវីដេអូផ្សព្វផ្សាយអំពីរូបភាព របស់សម្តេចហ៊ុន ម៉ាណែត នៅលើ Billboard ក្នុងតំបន់សំខាន់ៗពិសេស Time Square។ក្នុងវីដេអូផ្សាយនោះមានរូបភាពសម្តេច ហ៊ុន ម៉ាណែត និង LOGO គណបក្សប្រជាជនកម្ពុជាអមដោយអក្សថា "សូមសម្តែងនូវសេចក្តីសរសើរ"។
អ្នកនៅពីក្រោយនៃការជួយដល់ដំណើរការដាក់ផ្សព្វផ្សាយវីដេអូនេះ គឺជាកូនខ្មែររបស់កម្ពុជាម្នាក់ ដែលគេមានដើមកំណើតនៅទឹកដីអាម៉េរិកឈ្មោះថា David Soth។លោក David ជាអ្នកធ្វើការជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ហើយបានស្នើសុំទៅថៅកែរបស់ខ្លួន ជួយផ្សព្វផ្សាយអំពីរូបភាព របស់ សម្តេច ហ៊ុន ម៉ាណែត នៅលើ Billboard ក្នុងតំបន់សំខាន់ៗ ពិសេស Time Square ដោយមិនបានប្រើប្រាស់ថវិកា ឬការស្នើសុំអ្វីពីរាជរដ្ឋាភិបាលកម្ពុជានោះទេ។
បើតាមលោក David អ្វីដែលលោកធ្វើ គឺជាទឹកចិត្ត និងសណ្តានចិត្តរបស់លោក ពិសេសបានផ្តល់នូវការគាំទ្ររបស់ខ្លួន ចំពោះសម្តេច ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។លោកថា ក្នុងនាមកូនខ្មែរ គប្បីមានមោទភាព ដែលថ្នាក់ដឹកនាំរបស់យើងបានរំលេចចេញនៅលើឆាកអន្តរជាតិ ហើយនាំគ្នាសាទរ ប្រសើរជាងរិះគន់។
គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។នៅព្រឹកនេះសម្តេច បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព៕