Cctimesw1140xh150cm copy

កម្ពុជា-ឥណ្ឌា ពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងបដិសណ្ឋារកិច្ច ខណៈមានការហោះហើរត្រង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងម្ហូបអាហារ ដើម្បីទាក់ទាញទេសចររវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងឥណ្ឌា នឹងមានការហោះហើរត្រង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនេះភាគីទាំងពីរបានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឆ្លើយតបដោយគាំទ្រដល់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋកម្ពុជាលើវិស័យបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែម ខណៈដែលឥណ្ឌាក៏ជាប្រទេសដែលមានវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារីកចម្រើន។

បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពលើកិច្ចសហការគាំទ្រការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារតាមតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌាដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសយក្សដ៏ធំនៅអាស៊ីមួយនេះ ឱ្យមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបន្ថែមពីលើទំនាក់ទំនងវប្បធម៌ និងសាសនារវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងម្ហូបអាហារនេះ គឺជាគន្លឹះមិនអាចខ្វះបានដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា ខណៈដែលអាហារដ្ឋាននៅកម្ពុជាមានតិចតួចនៅឡើយ។ ការបញ្ជាក់ពីការឯកភាពលើកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរនាពេលនោះ គឺធ្វើឡើងក្នុងខណៈដែលកម្ពុជា និងឥណ្ឌានឹងមានការហោះហើរត្រង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ តាមរយៈនៃការហោះហើរត្រង់រវាងប្រទេសដែលមានទំនាក់ទំនងវប្បធម៌ប្រពៃណី និងសាសនានេះ នឹងជួយជំរុញបន្ថែមទៀតលើវិស័យទេសចរណ៍ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចទៅវិញទៅមក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង