Cc time web banner 054637

សមាគមទេសចរណ៍នឹងរៀបចំខ្សែទស្សនកិច្ចថ្មីបន្ទាប់ពីប្រាសាទកោះកេរក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា 

ភ្នំពេញ៖ ប្រាសាទកោះកេរដែលជាប្រាសាទមួយធ្លាប់បានដាក់បញ្ចូលក្នុងកម្មវិធីទស្សនកិច្ចយូរមកហើយ ហើយបច្ចុប្បន្ននេះបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមុខមាត់ថ្មីមួយរបស់កម្ពុជាទៅកាន់អន្តរជាតិ។ បន្ទាប់ពីប្រាសាទនេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលមានតួនាទីរៀបចំកញ្ចប់ទស្សនកិច្ចដល់ភ្ញៀវទេសចរអន្តរជាតិ នឹងយកឱកាសនេះត្រៀមខ្លួនរៀបចំខ្សែទស្សនកិច្ចថ្មីទៀត ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពទាក់ទាញពីមួយកម្រិតទៅមួយកម្រិត។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា នេះគឺជាសម្បត្តិបេតិកភណ្ឌថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាមុខមាត់របស់កម្ពុជាមួយទៀតក្នុងចំណោមប្រសាទទាំង៤របស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទាំងនេះជាកត្តាមួយជួយផ្សព្វផ្សាយធ្វើឱ្យប្រទេសកម្ពុជាមានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានមួយកម្រិតទៀត។ ជាងនេះទៅទៀត ប្រតិបត្តិករទេសចរ ទីភ្នាក់ងារទេសចរណ៍ ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ច នឹងយកឱកាសនេះត្រៀមខ្លួនរៀបចំជាខ្សែទស្សនកិច្ចបែបបេតិកភណ្ឌពិភពលោក ដើម្បីធ្វើជាការទាក់ទាញថ្មី ផលិតផលថ្មី ថ្វីត្បិតតែជាប្រាសាទដែលធ្លាប់បានដាក់ចូលក្នុងទស្សនកិច្ចយូរហើយ ខណៈប្រាសាទនេះស្ថិតនៅដាច់ឆ្ងាយពីប្រាសាទដទៃទៀត ដូចនេះការចេញ-ចូលទស្សនាក៏មានកម្រិតផងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ សមាគមទីភ្នាក់ងារទេសចរណ៍ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំឱ្យមានការទាក់ទាញកាន់តែច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការរៀបចំខ្សែទស្សនកិច្ចថ្មីនេះ នឹងចូលរួមផ្សព្វផ្សាយប្រាសាទកោះកេរឱ្យកាន់តែល្បីល្បាញ ជាពិសេសអាចជួយពលរដ្ឋក្នុងសហគមន៍មូលដ្ឋានឱទទួលបានឱកាសបង្កើតរបរបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យវិស័យទេសចរណ៍ទាំងមូលរបស់កម្ពុជាកាន់តែមានភាពរស់រវើក ដែលជាផ្នែកមួយក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធិភាព។

ជាមួយគ្នានេះ លោកជំទាវក៏បានបង្ហាញពីស្ថានភាពទេសចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានសភាពថមថយ ព្រោះបច្ចុប្បន្ននេះជារដូវភ្លៀងធ្លាក់ ដែលបានបង្អាក់ចរន្តទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣លាននាក់ ក្នុងនោះភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក មានសរុបជិត២លាននាក់ និងមួយចំនួនតូចមកតាមជើងហោះហើរ។ ប៉ុន្តែជាក់ស្តែង នៅតាមរមណីយដ្ឋានទេសចរនានានៅកម្ពុជានារយៈពេលចុងក្រោយនេះ ហាក់បីដូចជាមានភាពស្ងប់ស្ងាត់ព្រោះភ្ញៀវដែលចូលមកកម្ពុជាមិនមែនសុទ្ធតែមានគោលបំណងទេសចរណ៍ទាំងអស់ទេ គឺភ្ញៀវមួយចំនួនមកបំពេញបេសកកម្ម វិនិយោគ ធុរកិច្ច និងទស្សនកិច្ចសិក្សាជាដើម។

ចំពោះទេសចរចិនដែលមកទស្សនាកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនទាន់មានការកើនឡើងខ្លាំងនៅឡើយទេ គឺហាក់បីដូចជាមានសភាពស្ងប់ស្ងាត់សម្រាប់ឆ្នាំនេះ ហើយជនជាតិចិនដែលកម្ពុជាភាគច្រើនគឺស្ថិតក្នុងរូបភាពជាការមកវិនិយោគ និងបំពេញភារកិច្ចផ្សេងៗ គឺមិនទាន់មានជាលក្ខណៈទេសចរណ៍ច្រើននៅឡើយទេ។

លោកជំទាវបញ្ជាក់ការ នៅពេលភ្ញៀវទេសចរមកកម្ពុជាមានកំណើនកាន់តែខ្ពស់ឡើយវិញទៀតនោះ បុគ្គលិកនៅក្នុងវិស័យទេសចរណ៍កម្ពុជាក៏ត្រូវទទួលការពង្រឹងសមត្ថភាពទាំងគុណភាព និងបរិមាណ ដើម្បីអាចសម្របបានទៅនឹងស្ថានភាពជាក់ស្តែងនាពេលអនាគត ព្រោះកំណើនទេសចរណ៍នៅកម្ពុជាគឺត្រូវតែកើនទោះក្នុងកម្រិតទាបឬខ្ពស់ក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង