Cctimesw1140xh150cm copy

មិនទាន់បានមួយខែផងរាជរដ្ឋាភិបាលកម្ពុជាថ្មីកំណត់​ពេលអនុវត្តន៍«នយោបាយអាទិភាព»ជួយពលរដ្ឋក្រីក្រ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២០ កញ្ញា ឆ្នាំ២០២៣។

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។ជាគោលនយោបាយ ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ។

 ជិត១ខែនៃការបង្កើតរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសកំណត់​ពេល​វេលាចាប់ផ្តើមអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣នេះ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រមុនគេ។

កម្មវិធីគោលនយោបាយអាទិភាព៦នោះមានជាអាទិ៍ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល,  ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស,ការផ្តល់ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន,ការជួយជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធ,ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ។

យោងតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រី កម្មវិធីទី១ និងទី២ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, កម្មវិធីទី៣ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កម្មវិធីទី៤ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, កម្មវិធីទី៥និងទី៦ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលទទួលបានផលមុនគេ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង