ភ្នំពេញ៖ សាធារណជន ជាពិសេសបុគ្គលដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម (Influencers) មួយចំនួនបានប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីអូសទាញពលរដ្ឋភាគច្រើនជាយុវជនឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។សកម្មភាពទាំងខុសច្បាប់ទាំងអស់នេះ ត្រូវបានគេឃើញតាមរយៈ ការផ្សព្វផ្សាយផលិតវីដេអូខ្លីៗ និង បង្កើតមាតិកាកម្សាន្តនានា ក្នុងគោលបំណងធំអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរកឃើញថា ការផលិតវីដេអូខ្លីៗ និង ការបង្កើតមាតិកាអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ កំពុងមានសកម្មភាពផុសផុលក្នុងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា ហើយបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានព្រមានអ្នកទាំងនោះឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និង គ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី និង បញ្ចប់ការចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វ-ផ្សាយ អំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ហើយក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និង លិខិត-បទដ្ឋានគតិយុត្តជាធរមាន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬ ប្រព័ន្ធអ៊ីនធឺណិត ក្រោយពេលដឹងថាក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើ ប្រាស់ល្បែងនេះដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស។
ប៉ុន្តែយ៉ាងណាក្តី គេនៅតែឃើញមានការផ្សព្វផ្សាយអូសទាញប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលលេងល្បែងតាមអនឡាញនេះជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក។ការផ្សព្វផ្សាយនេះ ភាគច្រើនកើតចេញពីអ្នកមានប្រជាប្រិយភាពមួយចំនួនដូចជា តារាកប្លែង កីឡាករបាលទាត់ កីឡាកប្រដាល់ជាដើម ហើយការផ្សព្វផ្សាយខ្លះទៀតសោត ធ្វើឡើងតាមទីសាធារណៈក៏មានផងដែរ៕