
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចិនមកពីខេត្ត អាន ហួយ ជាក្រុមហ៊ុនធំមួយមានឆន្ទៈខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាលម្អិតអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពុជា ព្រោះគម្រោងនេះជាគម្រោងធំ ដែលនឹងអាចត្រូវការទំហំដីវិនិយោគចាប់ពី១៥០ហិកតា សម្រាប់ដំណាក់កាលទីមួយ និងកើនឡើងរហូតដល់ជាង៣០០ហិកតាសម្រាប់ការវិនិយោគសរុបនាពេលអនាគត។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានផ្តល់នូវអនុសាសាន៍គន្លឹះជូនទៅក្រុមហ៊ុនថា ដោយគម្រោងនេះជាគម្រោងធំដែលនឹងអាចត្រូវការទំហំដីវិនិយោគធំ ដូច្នេះក្រុមហ៊ុនគួរពិចារណាទៅលើចំណុចធំៗចំនួនបី៖ ទី១) ការរៀបចំការគ្រប់គ្រងកាកសំណល់នៃការកែច្នៃសារធាតុគីមី, ទី២) ថាមពលអគ្គសនី, និងទី៣) ទីតាំង ដែលអាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ជូន។ អនុសាសន៍នេះត្រូវថ្លែងឡើងនាឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយនេះចូលជួប និងពិភាក្សាការងារ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏បានសម្ដែងនូវការអគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបក្រុមហ៊ុន និងបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុន ដើម្បីរៀបចំខ្លួនក្នុងការមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនេះធ្លាប់បានបញ្ចូនមន្ត្រីជំនាញមកព្រះរាជាណាចក្រកម្ពុជាកាលពីខែមីនា និងខែមិថុនាកន្លងទៅ។ នេះជាលើកទីបីហើយ ដែលក្រុមហ៊ុនបានសុំចូលពិន្យាការងារក៍ដូចជាទទួលបានអនុសាសន៍ណែនាំពីឯកឧត្តមអគ្គលេខាធិការ ដើម្បីសិក្សាលម្អិតអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពុជា៕
