Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាល សម្រេចបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្មនិងកសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ការសម្រេចនេះធ្វើឡើងក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្មដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

• បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់

• បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ

• រយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា

• អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។

ក្រសួងបញ្ជាក់ថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង