ភ្នំពេញ៖ ប្រទេសចិននឹងអនុញ្ញាតឱ្យកម្ពុជា នាំចេញផ្លែ«ដូងស្រស់»ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។ការនាំផ្លែដូងស្រស់ទៅកាន់ទីផ្សារចិននេះ ធ្វើឡើងតាមរយៈពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនបាន សរសេរយ៉ាងដូច្នេះថា «ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងអនុញ្ញាតឱ្យដូងស្រស់របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ នាំចេញទៅកាន់ប្រទេសចិន»។នេះជាដំណឹងដ៏រីករាយថ្មីបន្ថែមទៀតសម្រាប់វិស័យកសិកម្មរបស់កម្ពុជាដែលទទួលបានទីផ្សារនាំចេញបន្ថែមលើផលិតផលកសិកម្មមួយចំនួនទៀត។
ក្រោយទទួលបានឱកាសនាំផ្លែដូងទៅកាន់ទីផ្សារចិន អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ត្រូវរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និង រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
បើតាមអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារ នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃដបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
សូមបញ្ជាក់ គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន។
នៅរយៈពេលចុងក្រោយនេះ ផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនផ្តើមនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាបន្ទាប់។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាក៏បាននាំចេញកំពឹសទឹកសាបបង្កក និង អន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន ហើយថ្មីៗនេះ «បង្កងកណ្តូបរស់» ចំនួន៤៥គីឡូក្រាមរបស់ប្រទេសកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិនផងដែរ៕