681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យគ្រប់អភិបាលខេត្តចេះទាក់«អ្នកវិនិយោគ»ដើម្បីអភិវឌ្ឍខេត្តខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

តាកែវ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃអង្គារនេះ បានលើកទឹកចិត្តថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តឱ្យប្រកួតប្រជែងគ្នាដើម្បីទាក់ទាញការវិនិយោគ និង ផ្តល់ការអនុគ្រោះមួយចំនួន សម្រាប់ការរីកចម្រើននៅមូលដ្ឋានរបស់ខ្លួន។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយកម្មករ នយោជិតជាង ១៨០០០នាក់ នៅខេត្តតាកែវ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្រប់បណ្តាខេត្តនៅកម្ពុជាត្រូវចេះទាក់ទាញ«ទាក់ម៉ូយ» មានន័យថា ជាការកៀរគរអ្នកវិនិយោគ ហើយផ្តល់ការអនុគ្រោះបន្ថែម ទៅតាមគោលនយោបាយវិមជ្ឈការ ដើម្បីពង្រីកសក្តានុពលតាមវិស័យនៅបណ្តាខេត្តនីមួយៗ។

បើតាមសម្តេច ហ៊ុន ម៉ាណែត នៅរយៈពេលចុះក្រោយនេះ ក្រោយក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាសម្តេចបានទៅ កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី សម្តេចឆ្លងកាត់ការប្រជុំដោយអត់បាយ ដោយសារប្រឹងប្រែងទាក់ម៉ូយពីជប៉ុន ចិន និងបណ្តាប្រទេសអាស៊ាន ហើយនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅចិន ជាពិសេសក្នុងពិព័រណ៌នៅក្រុងណាននីង សម្តេចក៏បានជួបអ្នកវិនិយោគចិនជាច្រើនផងដែរ។

ក្រៅពីកិច្ចប្រជុំនៅតំបន់អាស៉ី នៅថ្ងៃទី ២១ កញ្ញាខាងមុខនេះសម្តេចនឹងទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្រុងញូវយ៉ក សម្តេចក៏គ្រោងជួបអ្នកវិនិយោគអាម៉េរិក និងខ្មែរអាម៉េរិកនៅទីនោះផងដែរ។សម្រាប់សម្តេច ការទាក់ទាញវិនិយោគ មិនអាចរដ្ឋាភិបាលធ្វើតែម្នាក់ឯងនោះឡើយ ដោយចាំបាច់គឺត្រូវការការចូលរួមពីបណ្តាថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕

Khcct banner

អត្ថបទទាក់ទង