ភ្នំពេញ៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នៅថ្ងៃទី១៧ កញ្ញា ដណ្ដើមបានមេដាយចំនួន ២គ្រឿង នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅប្រទេសម៉ុងហ្គោលី ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា បេសកកម្មរបស់ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា គឺបានបញ្ចប់ហើយ ដោយទទួលបានមេដាយ ២គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង ដណ្ដើមបានលើវិញ្ញាសា Senors Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១១រូប ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣នេះ ដែលមានអត្តពលិកចូលរួមសរុប ១៤ប្រទេស ។ ហើយនេះជាព្រឹត្តិការណ៍អន្ដរជាតិដំបូង ដែលកីឡាកាយសម្ព័ន្ធកម្ពុជា បានចូលរួមប្រកួត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមផែនការរបស់សហ ដើម្បីសិក្សាកម្រិតកីឡាកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនីរបស់កម្ពុជា ឆ្ពោះទៅការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣៣ នៅថៃជាដើម ៕