Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រាក់ឈ្នួលកម្មករកាត់ដេរនឹងចរចាជាលើកចុងក្រោយនៅថ្ងៃទី២៨កញ្ញាខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំជាលើកចុងក្រោយរបស់ខ្លួនលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈកិច្ចប្រជុំចរចានាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងតួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជកលើកតួលេខចំនួន ២០១,៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមានកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។

ភាគីទាំងពីរបានបន្តពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយតំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជកបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក។ នេះបើតាមសេចក្ដីប្រកាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង