
ភ្នំពេញ៖ កម្ពុជា-គុយបា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងរវាងប្រទេសទាំងពីរ ខណៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានគូសបញ្ជាក់ម្តងទៀតនៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអំពីការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ៕
