Cc time web banner 054637

យុវជនកម្ពុជាអាចទទួលបានការបណ្តុះបណ្តាលជំនាញថែទាំនិងជួសជុលរថយន្តរបស់ជប៉ុននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ជាពិសេសការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញថែទាំ និងជួសជុលរថយន្តដែលផលិតនៅប្រទេសជប៉ុន ខណៈរថយន្តទាំងនេះបានចរាចរណ៍នៅកម្ពុជាក្នុងចំនួនកាន់តែច្រើន។

នាឱកាសពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA), ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា រំហូរពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តមយល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

ឯកឧត្តម ក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ និងបានស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុន ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដែលការណ៍នេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនក្នុងការជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ហ្វ៊ូមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយកសំណូមពរនេះ និងបានបញ្ជាក់ថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម និងអាចផ្តល់ចំណូលបានប្រសើរផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង