Cctime 6monthsfree desktop
Cc times  web banner kh

រាជរដ្ឋាភិបាលសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលលើ«អាជីវកម្មតូចតាច»មួយចំនួនក្រោយមានប្រតិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សេវាកម្មក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មក្នុងវិស័យមួយចំនួនដូចជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម និងវិស័យអប់រំ យុវជន និងកីឡា។ ការផ្អាកនេះធ្វើឡើងក្រោយពីមានការប្រតិកម្មពីមហាជនកន្លងទៅអំពីការបំពេញបែបបទរដ្ឋបាលសម្រាប់អាជីវករតូចតាច។

អាជីវកម្មដែលត្រូវផ្អាកការផ្តល់សេវារដ្ឋបាលក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ មានដូចជា៖ ១. អាជីវកម្មសិល្បៈសូនរូប (ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍, ជាងគំនូរ) ២. អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ(ហាង) (កាត់សក់បុរស ចាប់ពី ២កៅអី ទៅ ៤កៅអី និងចាប់ពី ៥កៅអី ឡើងទៅ, អ៊ុតសក់ កាត់សក់ លម្អក្រចក ចាប់ពី ២កៅអី ទៅ ៤កៅអី និង ចាប់ពី ៥កៅអី ឡើងទៅ, សម្អាងការ ដែលមានតម្លៃក្រោម ៥០០ដុល្លារអាម៉េរិក និងតម្លៃចាប់ពី ៥០០ដុល្លារអាម៉េរិក ដល់ក្រោម ១, ០០០ដុល្លារអាម៉េរិក)។

អាជីវកម្មដែលត្រូវផ្អាកការផ្តល់សេវារដ្ឋបាលក្នុងវិស័យអប់រំ យុវជន និងកីឡា មានដូចជា៖ អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ។ រីឯ អាជីវកម្មដែលត្រូវផ្អាកការផ្តល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍ រួមមាន៖ ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក, តូបលក់អាហារ, ហាងលក់គុយទាវ កាហ្វ, ម៉ូតូឌុបទេសចរណ៍, ម៉ូតូជួលទេសចរណ៍, និង រ៉ឺម៉កម៉ូតូដឹកទេសចរណ៍។

ចំពោះ វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល ត្រូវបានផ្អាកការផ្តល់សេវារដ្ឋបាលលើការចុះបញ្ជីសិប្បកម្ម (ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ, ធ្វើទៀន ធូប) ថាមពល (ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់) និង សេវាកម្ម (ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក, លាងរថយន្ត ម៉ូតូ, លាងម៉ូតូ)។

សម្រាប់វិស័យពាណិជ្ជកម្ម ត្រូវផ្អាកការផ្តល់សេវារដ្ឋបាលលើលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម ខណៈវិស័យកសិកម្ម គឺត្រូវបានផ្អាកការផ្តល់សេវារដ្ឋបាលលើលិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម។ នេះបើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ 

គួរបញ្ជាក់ថា សេចក្ដីសម្រេចនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តបន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនបានសម្តែងការប្រតិកម្មតាមបណ្តាញសង្គម និងរិះគន់អាជ្ញាធរដែលរឹតត្បិតលើការប្រកបអាជីវកម្មតូចតាចមួយចំនួន ហើយក្រោយពីការបញ្ចេញប្រតិកម្មនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចេញសម្រេចមួយនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតូចតាច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង