ភ្នំពេញ៖ រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤០១ ៦៩៩ តោន ដែលស្មើនឹងប្រមាណជិត៥៨ភាគរយ នៃផែនការនាំចេញចំនួន ៧០ម៉ឺនតោន។ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់ប្រទេសចំនួន ៥៦ប្រទេស។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា។
ក្នុងរយ:ពេល៨ខែឆ្នាំ២០២៣ កម្ពុជានាំអង្ករចេញបាន ៤០១ ៦៩៩ តោន គិតជាស្រូវស្មេីនឹង១លានតោន និងស្រូវជិត៣លានតោន។ សរុបរួមគ្នាគិតជាស្រូវស្មេីនឹង៤លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជិត ១១០០លានដុល្លារ។
ជាមួយគ្នានោះ ប្រភេទអង្ករដែលកម្ពុជាបាននាំចេញ រួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទ អង្ករសគ្រាប់វែង អង្ករសគ្រាប់ខ្លី អង្ករចំហ៊ុយ និងអង្ករសរីរាង្គ។ អង្ករនាំចេញ៨០ភាគរយជាអង្ករប្រណីតដែលជាក្រអូបបាយទន់ពូជផ្ការំដួលនិងសែនក្រអូប០១។
សូមបញ្ជាក់ថា ដេីម្បីពង្រីកការនាំចេញអង្ករប្រណីតខ្មែរឲ្យបានកាន់តែច្រេីនក្រសួងកសិកម្ម កំពុងដឹកនាំការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលនិងសែនក្រអូប០១ និងជំរុញយន្តការកិច្ចសន្យាកសិកម្មរវាងសហគមន៍អ្នកផលិតស្រូវ(ប្រេីពូជសុទ្ធ)និងរោងម៉ាសុីនដែលត្រូវការស្រូវអង្ករប្រណីតពូជសុទ្ធល្អសម្រាប់ផលិតអង្ករនាំចេញ៕
