ភ្នំពេញ៖ លោកតា កង អឿន អាយុ ៧៥ ឆ្នាំមានទីលំនៅខេត្តកណ្តាល ប្រកបមុខរបជាអ្នកធាក់ស៊ីក្លូអស់រយៈ៣០ឆ្នាំមកហើយ។៣០ឆ្នាំមកនេះ ជីវភាពគ្រួសាររបស់លោកតា គឺពឹងផ្អែកទៅលើការខិតខំធាក់ស៊ីក្លូ ដើម្បីដឹកភ្ញៀវទេសចរណ៍។តែជាអកុសលកម្មកាចអប្រិយបានមកប្រល័យយកជីវិតរបស់លោកតាស៊ីក្លូវ័យ៧៥ឆ្នាំ ខណៈពេលដែលគាត់កំពុងធាក់ស៊ីក្លូដឹកភ្ញៀវយកប្រាក់ ដើម្បីចិញ្ចឹមកូន និងភរិយាកំសត់ដែលកំពុងរង់ចាំនៅឯផ្ទះ។
ស៊ីក្លូជាយានជំនិះមួយមានតាំងពីសម័យអាណានិគមបារាំងក្នុងទសវត្សទី៥០ដែលប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់យានជំនិះសំរាប់ដឹកអ្នកដំណើរ។ នៅសម័យទសវត្សទី៥០រហូតដល់ទសវត្សទី៧០ នៅទីក្រុងភ្នំពេញមានស៊ីក្លូរាប់ម៉ឺនស៊ីក្លូ។ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ក្នុងរបបសម័យខ្មែរក្រហមកាន់កាប់ក្នុងរបបទីក្រុងភ្នំពេញមិនមានស៊ីក្លូទេ។ប៉ុន្តែនៅកម្ពុជាទទួលបានសន្តិភាពរហូតដល់បច្ចុប្បន្ននេះ អ្នកធ្លាក់ស៊ីក្លូនៅរាជធានីភ្នំពេញមានស៊ីក្លូប្រមាណ៣០០ស៊ីក្លូ។
លោកតា កង អឿន មានអាយុ៧៥ឆ្នាំ បានប្រកបមុខរបបធ្លាក់ស៊ីក្លូនេះរយៈពេល៣០ឆ្នាំមកហើយ។លោកតាជាសមាជិកសមាគមអភិរក្សស៊ីក្លូ។លោកតាមានវ័យកាត់តែចាស់ជរាណ និងមានការជួយឧបត្ថម្ភពីប្រធានសមាគមអភិរក្សជាញឹកញាប់។
មុនបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍លោកតាកង អឿន បានថ្លែងប្រាប់អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា លោកតាទីលំនៅខេត្តកណ្តាល មានប្រពន្ធអាយុ៦៥ឆ្នាំ និងកូនចំនួន២នាក់ប្រុស១ស្លាប់ដោយជំងឺ និងមានកូនស្រី១នាក់ប្រកបមុខរបបជាកម្មកររោងចក្រ។
ក្នុង១ថ្ងៃលោកតា អាចរកចំណូលបានចន្លោះពី១ម៉ឺនរៀល ទៅ៣ម៉ឺនរៀល។ ក្រោយពីការដឹកអ្នកដំណើរតាមផ្សារ លោកតា ដឹកភ្ញៀវទេសចរណ៏អន្តរជាតិតាមសណ្ឋាគារ និង តាមកប៉ាល់ចូលចតនៅកំពង់ផែភ្នំពេញ។ដឹកភ្ញៀវទេសចរណ៍ដើរកំសាន្តមុខវាំង១ជើងខាងមគ្គុទេសទេសចរណ៍ឱ្យពី ៣ដុល្លារទៅ៥ដុល្លារ។ឆ្លៀតពេលក្រោយពីការដឹកភ្ញៀវទេសចរណ៍លោកតា បានចាំដឹកភ្ញៀវជនជាតិខ្មែរមកទិញឥវ៉ាន់នៅផ្សារធំៗ ក្នុងក្រុងភ្នំពេញ។
ក្នុងមួយសប្តាហ៍លោកតា កង អឿន បានផ្ញើប្រាក់មួយចំនួនដែលទទួលបានពីការធ្លាក់ស៊ីក្លូទៅឱ្យភរិយាជាទីស្រឡាញ់ដែលកំពុងចាំនៅឯផ្ទះ ដើម្បីជួយសម្រួលនៅជីវភាព។ដោយសារតែរបធាក់ស៊ីក្លូមិនសូវរកចំណូលបានច្រើន លោកតា កង អឿន មិនហ៊ានជូលផ្ទះនៅភ្នំពេញដើម្បីស្នាក់នៅទេ ជារៀងរាល់យប់គាត់សម្រាកនៅលើស៊ីក្លូ តាមសំយ៉ាបផ្ទះនៅផ្តុំផ្សារអូឬស្សី និងឆ្លៀតពេលខ្លះដឹកភ្ញៀវនៅពេលយប់។
ប៉ុន្តែជាអកុសលនៅវេលាម៉ោង១ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០ លោកតាជួបគ្រោះថ្នាក់ចររាចរណ៍ស្លាប់បាត់បងជីវិត ចោលភរិយា និងកូនដែលកំពុងចាំនៅផ្ទះ ខណៈពេលគាត់កំពុងធាក់ស៊ីក្លូដឹកស្រី្តម្នាក់ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត។
តាមរយៈអត្ថបទខ្លីនេះ យើងខ្ញុំ និង ក្រុមការងារនៃសារព័ត៌មាន ស៊ីស៊ីថាមស៍ ឬ The Combodia China Times ដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយគាត់ កាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកតាស៊ីក្លូវ កង អឿន និង សូមឱ្យវិញ្ញាណក្ខន្ធលោកតាមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕