Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកនាំពាក្យក្រសួងកសិកម្ម៖ នៅទីផ្សារតម្លៃស្រូវប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី០៧ កញ្ញានេះ បានពន្យល់ពីការធ្លាក់ថ្លៃតម្លៃស្រូវរបស់ប្រជាកសិករធ្លាក់ចុះ បន្ទាប់ពីប្រជាកសិករដែលរស់ក្នុងខេត្តបាត់ដំបង បានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះខុសពីធម្មតា តម្លៃដើម ១៣០០រៀល ធ្លាក់មកត្រឹម ១១០០រៀល/គីឡូក្រាម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យោងតាមទំព័រហ្វេសបុករបស់កញ្ញា អ៊ឹម រចនា មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា នៅលើទីផ្សារ តម្លៃស្រូវប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ។ កម្ពុជាដែលចាប់ផ្ដើមប្រមូលផលស្រូវបានលឿនជាងប្រទេសជិតខាង គឺជាឱកាសមាសសម្រាប់កសិករខ្មែរ ដែលអាចលក់ស្រូវសើមក្នុងតម្លៃខ្ពស់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

មន្ត្រីអ្នកនាំរូបនេះបន្តថា ថ្លៃស្រូវនៅកម្ពុជាក្នុងចន្លោះ ១ ១០០រៀល ដល់ ១ ២០០រៀល/គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១ ០០០រៀល/គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិនចំណេញច្រើនដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ក្រសួងកសិកម្ម បានបន្តធ្វើការជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយ ដែលកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។

ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងទាក់ទាញវិនិយោគិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម សំដៅឈានទៅកាត់បន្ថយការចំណាយរបស់អ៊ំពូមីងកសិករ និងបង្កើនផលចំណេញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង