ឥណ្ឌូនេស៊ី៖ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា គឺសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៦ កញ្ញានេះ បានថ្លែងចាត់ទុកមហាអំណាចចិន គឺជា"មិត្តដ៏ល្អ និង ជាដៃគូដ៏គួរឱ្យទុកចិត្ត"របស់កម្ពុជា។ការអះអាងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលសម្តេចជួបសម្ដែងការគួរសមជាមួយ លោក លី ឈាង (LI Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
នៅចំពោះមុខលោក លឺ ឈាង សម្តេច ហ៊ុន ម៉ាណែត បានកោតសរសើរពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ចិន នៅរយៈពេល៦៥ឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលជាផ្លែផ្កាល្អជាទីគាប់ចិត្ត ហើយសម្តេចប្តេជ្ញាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងកម្ពុជា-ចិន និង ធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ដោយយកគំរូតាមសម្តេច ហ៊ុន សែន និង លោកប្រធានាធិបតី Xi Jinping ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក លឺ ឈាង ថ្លែងសាទរពីទំនាក់ទំនងរបស់កម្ពុជា-ចិននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ទុកទំនាក់ទំនងនេះ ជាទំនាក់ទំនងគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ក្នុងពេលដែលស្ថានភាពអន្តរជាតិកំពុងតែពិបាក។
បើតាមនាយករដ្ឋមន្ត្រីចិន ចិនគឺជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ហើយចិនតែងតែគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌប្រទេសខ្លួន និង គាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍។សម្រាប់លោក លី ឈាង នៅពេលខាងមុខ ភាគីទាំងពីរនឹងត្រៀមចុះហត្ថលេខាលើគំរោងថ្មីនៃផែនការសកម្មភាពសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា ហើយនឹងបង្កើតផែនការរួមសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា និង ជួយកម្ពុជាឱ្យកាន់តែរីកចម្រើនអភិវឌ្ឍ។
គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មីគ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន នៅពាក់កណ្តាលខែកញ្ញានេះ។នេះបើយោងតាមប្រភពព័ត៌មានដែលសារព័ត៌មាន ស៊ីស៊ីថាមស៍ ទទួលបាន។ជាដំណើរទស្សកិច្ចមុនសម្តេច ហ៊ុន ម៉ាណែត ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក្នុងទឹកដីអាម៉េរិក៕