
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំទីក្រុងឡុងប៊ិចនៃសហរដ្ឋអាម៉េរិក នឹងសហការគ្នារៀបចំពិព័ណ៍ពាណិជ្ជកម្ម នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅទីក្រុងឡុងប៊ិចនៃសហរដ្ឋអាម៉េរិក។ ការបន្តសហការរៀបចំពិព័ណ៌នេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី "នីតិវិធី និងបែបបទនៃការនាំចេញផលិផល ចំណីអាហារ និងទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ដែលភាគីទាំងពីរបានសហការរៀបចំឡើងកាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា សិក្ខាសាលានេះមានគោលបំណងពង្រឹង និងពង្រីកធុរកិច្ចរបស់ធុរជននៃប្រទេសទាំងពីរ និងដើម្បីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវនានាដែលអាចនាំចេញទៅសហរដ្ឋអាម៉េរិក ខណៈនារយៈពេលចុងក្រោយនេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាពិសេសភាគីទាំងពីរ នឹងរៀបចំពិព័ណ៌ពាណិជ្ជកម្មនៅទីក្រុងឡុងប៊ិច នៅខែវិច្ឆិកាខាងមុខនេះ។
ឧកញ៉ាបន្តថា សភាពាណិជ្ជកម្មនឹងដឹកនាំគណៈប្រតិភូក្នុងការនាំទំនិញពីកម្ពុជាទៅតាំងពីព័ណ៌ មិនត្រឹមតែប៉ុណ្ណោះទេ សភាពាណិជ្ជកម្មក៏នឹងភ្ជាប់ការនាំចេញផលិតផលផ្សេងៗក្រោយបញ្ចប់ការតាំងពិព័ណ៌នេះ។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះនឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់កម្ពុជាលើការធ្វើពាណិជ្ជកម្ម និងបង្កើនការនាំចេញទំនិញ និងផលិតផលនានាទៅកាន់ទីផ្សារអាម៉េរិក។
បើតាមរបាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ដោយបាននាំចូលទំនិញប្រមាណ ៤.២៣ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៣ ធ្លាក់ចុះ ៨.៩% បើធៀបនឹងឆ្នាំមុន នាំមុខវៀតណាមដែលនាំចូលទំនិញពីកម្ពុជាមានទំហំទឹកប្រាក់ ១.៤២ ពាន់លានដុល្លារ កើនឡើង ២១.៧%៕

