681 ezgif.com resize
Swift cc time

ការចរចាលើប្រាក់ឈ្នួលកម្មករកាត់ដេរនឹងចាប់ផ្តើមបន្តនៅថ្ងៃទី១១កញ្ញានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហេង​​ សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាបន្តដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ជាលើកទី៤ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាសបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង