ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងALBANS Management បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (កិច្ចសន្យា ភ.រ.ជ) ស្តីពីការបង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ “ស៊ីឃ្យួរីធី អេវីអេសិន កម្ពុជា ឯ.ក ” ដែលមានឈ្មោះជាអក្សរកាត់ “សកម្ម/SAKAM” ដើម្បីផ្តល់ការផ្តល់សេវាសន្តិសុខដល់អាកាសយាដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្របទៅតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Raphael ALBALADEJO នាយកប្រតិបត្តិនៃ ALBANS MANAGEMENT SA។
យោងតាមកិច្ចសន្យា ក្រុមហ៊ុន “សកម្ម/SAKAM” នឹងផ្តល់សេវាសន្តិសុខអាកាសចរណ៍ដល់អាកាសយានដ្ឋានអន្តរជាតិចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តកោះកុង និងអាកាសដ្ឋានអនាគតផ្សេងៗ ស្របទៅតាមសភាពការជាក់ស្តែង។ ក្រុមហ៊ុននឹងវិនិយោគដើម្បីបង្កើនការអនុលោមតាមស្តង់ដារអន្តរជាតិ ICAO (អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ) និងផ្អែកតាមរយៈការជ្រើសរើស ការបណ្តុះបណ្តាល និងការដាក់ពង្រាយធនធានមនុស្ស ការផ្តល់ឧបករណ៍-បរិក្ខារសុវត្ថិភាព ការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសន្តិសុខអាកាសចរណ៍ និងដែលមានលក្ខណៈពិសេស និងជាក់លាក់ មានការបំពាក់គ្រឿងឧបករណ៍-បរិក្ខារសុវត្ថិភាពជំនាន់ចុងក្រោយប្រកបដោយនវានុវត្តន៍ ក្រោយដែលនឹងត្រូវដំឡើងនៅក្នុងអាកាសយានដ្ឋាន រួមទាំងការលើកកំពស់គុណភាព និងធ្វើឱ្យប្រសើរឡើង នូវរាល់ឧបករណ៍-បរិក្ខារដែលមានស្រាប់។
ភាគីទាំងពីរនឹងមានការអនុវត្តកិច្ចសន្យាក្នុងទម្រង់បែប BOT “ Build/ កសាង (រួមមានទាំង ការចនា ការសាងសង់+ការបណ្តុះបណ្តាលជំនាញ ហិរញ្ញប្បទាន). Operate/ប្រតិបត្តិការ (រួមមានទាំង កាថែទាំ+ការលើកកម្រិតគុណភាព/ការកែលម្អ/ ការធ្វើទំនើបកម្ម), និង Transfer/ផ្ទេរ បន្ទាប់ពីរយៈពេលសម្បទានចំនួន ១៥ឆ្នាំ ត្រូវបានបញ្ចប់។
ចំពោះថ្លៃសេវាសន្តិសុខ និងផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជានឹងកំណត់ថ្លៃសេវាសន្តិសុខផ្សេងៗសម្រាប់អ្នកដំណើរ (ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងសំខាន់សម្រាប់អ្នកដំណើរដែលមានសញ្ជាតិកម្ពុជា) និងការដឹកជញ្ជូនទំនិញចេញ-ចូល តាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានជាច្រើនទៀតគឺ ការកាត់បន្ថយហានិភ័យសុវត្ថិភាព (សកម្មភាពនៃការជ្រៀតជ្រែកចូលដោយខុសច្បាប់) និង ការបង្កើតការងារដោយផ្ទាល់ចំនួន១៤០០នាក់ប្រកបដោយគុណវុឌ្ឍិ និងការងារដោយប្រយោល ចំនួន៦០០នៅក្នុងដំណាក់កាលដំបូង រួមទាំងនអត្ថប្រយោជន៍ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា៕