Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកវិភាគសេដ្ឋកិច្ចបង្ហាញពី«វិធីការពារចំនួន៧»ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានបង្ហាញពីវិធីការពារចំនួន៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន ខណៈវិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិសុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង។ វិធីការពារទាំងអស់នេះ គឺត្រូវបានលើកយកមកបង្ហាញដោយលោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច។

បើតាមគណនីយហ្វេសប៊ុនជាផ្លូវការរបស់លោក ង៉ែត ជូ បានបង្ហាញពីសំណាញ់សុវត្ថិភាពចំនួន៧ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត មានដូចជា៖

១) សន្សំប្រាក់បំរុងសំរាប់គ្រាអាសន្នអោយបានយ៉ាងតិចស្មើនឹង៦ដងនៃចំណាយសំរាប់ការរស់នៅប្រចាំខែ (having reserve fund)។

២) វិនិយោគដើម្បីបង្កើតចំណូលបន្ថែមលើចំណូលពីរបរឬប្រាក់ខែដែលអ្នកមាន (building additional revenue streams)។

៣) សន្សំទ្រព្យអោយបានច្រើន ហើយគួរបែងចែកទ្រព្យជា៣ប្រភេទស្មើៗគ្នា (ទ្រព្យរយៈពេលខ្លី ទ្រព្យរយៈពេលមធ្យម និងទ្រព្យរយៈពេលវែង)។ ទ្រព្យរយៈពេលខ្លីសំដៅលើទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងរយៈពេលក្រោម១ឆ្នាំ។ ទ្រព្យរយៈពេលមធ្យមគឺជាទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។

៤) មិនគួរមានកម្ចីច្រើនហួសប្រមាណ ចំនួនកម្ចីសរុបគួរតិចជាង១/៣នៃទ្រព្យសកម្មសរុប (avoiding over leverage)។ គួរចៀសវាងកម្ចីក្រៅផ្លូវការ ឬលេងតុងទីនដែលមានហានិភ័យ និងការប្រាក់ខ្ពស់។ ឧទាហរណ៍ អ្នកមានទ្រព្យសកម្មសរុប១លានដុល្លាអាមេរិក ចំនួនកម្ចីសរុបមិនគួរលើសពី៣៣ម៉ឺនដុល្លាអាមេរិកនោះទេ។

៥) គួរកសាងមូលធនសង្គមអោយបានរឹងមាំ (building a strong social capital): សំដៅលើការកសាងទំនាក់ទំនងល្អជាមួយបងប្អូន សាច់ញាតិ និងមិត្តភក្តិដែលជាទីពឹងនៅពេលអ្នកមានគ្រាអាសន្នអន់ក្រ។ល។

៦) កសាងសមត្ថភាព និងសុខភាពរបស់ខ្លួនអោយបានរឹងមាំ: ការមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់លើសពីមួយក៏ជាកត្តាដែលអាចជួយអោយអ្នកមានភាពធនក្នុងការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ក្រៅពីជំនាញជាមគ្គុទេសទេសចរណ៍ អ្នកមានជំនាញជាគ្រូបង្រៀនភាសាអង់គ្លេស។ បើជួបវិបត្តិអត់ការងារធ្វើព្រោះតែវិស័យទេសចរណ៍ដួលរលំ អ្នកអាចធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសបាន។

៧) ទិញធានារ៉ាប់រងសុខភាព ពិការភាព និងអាយុជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង