Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អង្គការ World Vision ប្រកាសបញ្ចប់បេសកកម្ម ១៨ឆ្នាំ នៅខេត្តព្រះវិហារ ដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះវិហារ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ នៅក្នុងកម្មវិធីតំបន់ត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានអនុវត្តកម្មវិធីផ្លាស់ប្រែអស់រយៈពេល១៨ ឆ្នាំកន្លងមកនេះ។ 

ក្នុងភាពជាដៃគូរយៈពេលវែងជាមួយនឹងអង្គការទស្សនៈពិភពលោក អាឡឺម៉ង់ គំនិតផ្តួចផ្តើមនេះបានជះឥទ្ធិពលជាវិជ្ជមានដល់ភូមិចំនួន ២៥ នៅទូទាំងឃុំចំនួន ៤ នៃស្រុកត្បែងមានជ័យ និងសង្កាត់ចំនួន ២ នៃក្រុងព្រះវិហារ ដោយផ្តល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋសរុបចំនួន ៣៥ ២៨៥ នាក់ ក្នុងនោះមានកុមារចំនួន ១៤ ០១១ នាក់។

ការចូលរួមរបស់អង្គការទស្សនៈពិភពលោក នៅក្នុងស្រុកត្បែងមានជ័យ បានចាប់ផ្តើមជាមួយនឹងកម្មវិធីបោសសម្អាតមីន និងអភិវឌ្ឍន៍ដីកសិកម្ម ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០០៥ មក អង្គការទស្សនៈពិភពលោក បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ដោយផ្តោតទៅលើវិស័យអាទិភាពផ្សេងវិញ ដូចជា សុខភាព អាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ (WASH) ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ម្តាយ និងកុមារ។

ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០១៤ បានបង្ហាញថា ខេត្តព្រះវិហារមាន អត្រាប្រេវ៉ាឡង់នៃកុមារដែលខ្វះអាហារូបត្ថម្ភខ្ពស់ជាងបើធៀបនឹងខេត្តផ្សេងទៀត និងជាខេត្តដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេនៅកម្ពុជា។

លោក សុខ រដ្ឋា ប្រធានមណ្ឌលសុខភាពភូមិសន្តិភាព បានរំឭកអតីតកាល ដោយបានលើកឡើងពីបញ្ហាប្រឈមជាច្រើនដែលកុមារអាយុក្រោម ៥ ឆ្នាំ បានពើបប្រទះនាពេលនោះ ដូចជា ក្រិសក្រិន ទម្ងន់មិនគ្រប់ និងកង្វះអាហារូបត្ថម្ភ ដោយសារកង្វះការថែទាំ និងការយល់ដឹងរបស់ឱពុកម្តាយ អំពីការផ្តល់អាហាររូបត្ថម្ភត្រឹមត្រូវ និងការអនុវត្តការបំបៅកូនដោយទឹកដោះ នៅមានកម្រិត។

កង្វះការពិនិត្យសុខភាពជាប្រចាំក្នុងអំឡុងពេល និងក្រោយពេលសម្រាលកូន ក៏ជាបញ្ហាប្រឈមដ៏សំខាន់ផងដែរនៅពេលនោះ។ លោកប្រធានមណ្ឌលសុខភាព បានសង្កត់ធ្ងន់ថា៖ «ដោយសារភាពជាដៃគូជាមួយអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ ដែលបានទទួលការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរមូលដ្ឋាន ខ្ញុំបានសង្កេតឃើញការថយចុះជាលំដាប់នៃកុមារដែលមានកង្វះអាហារូបត្ថម្ភ ហើយចំណេះដឹង និងការអនុវត្តក្នុងចំណោមគ្រួសារក្នុងការថែទាំមាតា និងទារក រួមទាំងអាហារូបត្ថម្ភ មានភាពល្អប្រសើរឡើងជាលំដាប់”។

លោក ប៊ុន សាវុធ ប្រធានក្លឹបយុវជនសហគមន៍ ដែលធ្លាប់ជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ បាន សម្តែងការដឹងគុណចំពោះវត្តមានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដោយបានលើកឡើងពីសកម្មភាពគម្រោងផ្សេងៗដែលផ្តល់ចំណេះដឹង និងឧបករណ៍ដល់សហគមន៍ ដើម្បីលើកកម្ពស់បរិយាកាសសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាសុខុមាលភាពរបស់កុមារ។

យោងតាមការស្ទង់មតិដំណាក់កាលចុងក្រោយរបស់អង្គការទស្សនៈពិភពលោក ឆ្នាំ២០២២-២០២៣ ភាគរយនៃគ្រួសារដែលមានទឹកស្អាតពេញមួយឆ្នាំប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំងពី ៤៨% ដល់ ៧៩% ខណៈដែលវត្តមានបង្គន់ប្រើប្រាស់ក្នុងគ្រួសារបានហក់ឡើងពី ២% ទៅ ៨៦%។ បន្ថែមលើនេះ ភូមិចំនួន ១២ ក្នុងចំណោម ២៥ ភូមិ (៧ នៅស្រុកត្បែងមានជ័យ និង ៥ ក្នុងក្រុងព្រះវិហារ) បានប្រកាសថាជាភូមិដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។

លោកស្រី អ៉ិន ស្តើង មេឃុំនៃឃុំឈានមុខ បានទទួលស្គាល់តួនាទីដ៏សំខាន់នៃកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍ និងអង្គការទស្សនៈពិភពលោក ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែង។ លោកស្រី បានប្តេជ្ញាថា៖ “ទោះបីជាកម្មវិធីរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បញ្ចប់ក៏ដោយ ខ្ញុំនៅតែប្រកាន់ខ្ជាប់ក្នុងការបន្តបេសកកម្មនេះ និងខិតខំបន្ថែមទៀតដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់សហគមន៍”។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង