Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងសាងសង់អចលនទ្រព្យនៅតែមាន ខណៈការទិញ-លក់អចលនទ្រព្យមានភាពស្ងប់ស្ងាត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពស្ងប់ស្ងាត់ មិនសូវមានចរន្តដោះដូរពីអតិថិជនបរទេសឡើយ ព្រោះបញ្ហាប្រឈមសកលនៅតែបន្ដជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ទោះជាយ៉ាងណាក្តី ក៏ដំណើរការសាងសង់គម្រោងចាស់ៗនៅតែបន្តសាងសង់ ហើយសកម្មភាពទិញ-លក់ អចលនវត្ថុនៅតែមានសកម្មភាពតិចតួចពីអតិថិជនក្នុងស្រុក។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។

លោក ច្រឹក សុខនីម បានអះអាងថា សម្រាប់ទីផ្សារក្រៅស្រុក គឺមិនសូវមានទេនាពេលបច្ចុប្បន្ននេះ ហើយភាពប្រឈមខ្លាំងទៅលើការរឹតត្បិតនៃកម្ចីពីធនាគារក៏ជាកត្តាមួយសំខាន់ដែលបានធ្វើឱ្យចរន្តទិញ-លក់ អចលនវត្ថុនៅកម្ពុជាមានការថមថយផងដែរ ហើយគួបផ្សំនឹងព័ត៌មានមួយចំនួនដែលបានលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យធំៗនៅប្រទេសចិនក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតត្រូវបានដួលរលំផងដែរនោះ បានធ្វើឱ្យវិនិយោគិនដែលចង់វិនិយោគលើវិស័យនេះរឹតតែមានការគិតគូរ និងប្រុងប្រយ័ត្នជាខ្លាំង។ ដូចន្នេះ ការទិញ-លក់លើវិស័យអចលនទ្រព្យចាប់ពីពេលនេះ គឺមានភាពតានតឹងបន្តិចសម្រាប់វិនិយោគិន ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់អ្នកដែលមានសាច់ប្រាក់សុទ្ធក្នុងការទិញអចលនទ្រព្យដើម្បីទទួលបានផលចំណេញ។

លោកបន្តថា នាបច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននានានៅតែបន្តបោះទុនវិនិយោគរបស់ខ្លួនលើវិស័យនេះ ប៉ុន្តែកំណើននៃការសាងសង់ត្រូវបានកាត់បន្ថយមួយចំនួន ហើយចាប់ផ្តើមសាងសង់ដើម្បីបំពេញតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ។ ដូចនេះគម្រោងសាងសង់មួយចំនួននៅតែបន្តមាន តែស្ថិតក្នុងគម្រោងតូចៗដើម្បីបន្តដំណើរការសាងសង់លើគម្រោងចាស់ៗរបស់ពួកគេ។ ជារួម សកម្មភាពសាងសង់អគារគឺនៅតែបន្តមាន ប៉ុន្តែចរន្តនៃការទិញ-លក់អចលនទ្រព្យគឺមានសភាពនៅទ្រឹង និងមានភាពប្រុងប្រយ័ត្នខ្លាំង។

សម្រាប់តម្លៃអចលនទ្រព្យគឺមានតម្លៃខុសៗគ្នាទៅតាមប្រភេទអចលនទ្រព្យនីមួយៗ ប៉ុន្តែតម្លៃជាមធ្យមនៃប្រភេទផ្ទះល្វែង វីឡានៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានចន្លោះពី១៥ម៉ឺនដុល្លារ ដល់៣០ម៉ឺនដុល្លារ ខណៈខុនដូដែលមានតម្លៃសមរម្យក៏នៅតែមានការទិញលក់ខ្លះៗផងដែរ។ នេះជាការបញ្ជាក់របស់លោក ច្រឹក សុខនីម។

លោកគិតថា ការផ្គត់ផ្គង់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះកំណើនប្រជាជនៅតែបន្តកើតមានឡើង ហើយចំនួននៃការសាងសង់លំនៅឋានក្នុងមួយឆ្នាំៗគឺនៅតែសភាពតិចតួចនៅឡើយ បើធៀបនឹងតម្រូវការ ក្នុងនោះក្នុងមួយឆ្នាំប្រទេសកម្ពុជាត្រូវការលំនៅឋានចំនួន៥ម៉ឺនខ្នង ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារនៅទូទាំអប្រទេសកម្ពុជា។

ប្រធានសមាគមរូបនេះបន្ថែមថា ភាពប្រឈមរបស់ម្ចាស់គម្រោងសាងសង់ គឺសាងសង់រួចហើយ តែមិនសូវមានចរន្តដោះដូរ ឬការទិញលក់ ដូចនេះក្រុមហ៊ុនមួយចំនួនសម្រេចផ្អាកបណ្តោះអាសន្នក្នុងការសាងសង់ ហើយខ្លះទៀតកាត់បន្ថយការសាងសង់ ដោយសាងសង់ក្នុងកម្រិតតូចដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្តែងតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង