
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈប្រាក់ដុល្លារអាម៉េរិកបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក។ ការប្រកាសត្រៀមចាត់វិធានការនេះធ្វើឡើងខណៈរយៈពេលប៉ុន្មានថ្ងៃនេះអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាម៉េរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកនៅលើទីផ្សារអន្តរជាតិ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាស ធនាគារជាតិបានពន្យល់ថា ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាម៉េរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិកលើទីផ្សារអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជាបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕