
ភ្នំពេញ៖ កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ចនូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាម៉េរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសម្លឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយអាម៉េរិក នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
លោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្ដីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាម៉េរិក បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជាដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាម៉រិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍សង្គម ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ចនូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្ននិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសម្លឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ។
ជាមួយគ្នានេះ លោកនាយករដម្ឋមន្រ្តីកម្ពុជា បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ហាសិទ្ធិមនុស្ស សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
