ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៩ សីហានេះ ចេញសេចក្ដីប្រកាសបញ្ជាក់ព័ត៌មាន ជុំវិញ ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ)មានកម្លាំងចាប់ពី៦០CCឡើងទៅ។ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងមហាផ្ទៃពន្យល់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ទាំងបច្ចុប្បន្ន និងអនាគត។
្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា អនុសាសន៍របស់ លោក ស សុខា គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់ បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបញ្ជាក់ជូននូវស្មារតី នៃអនុសាសន៍ ១. សិក្សាសម្រាប់អនាគត ៖ ជាស្មារតីអនុសាសន៍របស់លោក ស សុខា ចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ ។
ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ។
ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណ បើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,...ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង៕