Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីម័រខាងកើតបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ទីម័រខាងកើត បន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការជម្រុញលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ ខណៈប្រជាជនទីម័រមានបំណងចង់មកទស្សនាកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Francisco Kalbuadi Lay រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងកិច្ចពិភាក្សាការងារជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

លោក សុខ សូកេន បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ និងក៏ដូចជាការផ្លាស់ប្ដូរមន្ត្រីជំនាញទេសចរណ៍ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោក Francisco Kalbuadi Lay បានគូសបញ្ជាក់សារជាថ្មីអំពីបំណងរបស់ប្រជាជនទីម័រដែលចង់មកទស្សនានៅកម្ពុជា ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។

ភាគីទាំងពីរ បានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីម័រខាងកើត ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងសេដ្ឋកិច្ច កសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ ទាញយកផលប្រយោជន៍ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរថែមទៀតសម្រាប់ប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង